ព័ត៌មានជាតិ December 23, 2025

កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់

Liny Chan

(ភ្នំពេញ)៖ កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។

ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូង។

លើខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។ ទាំងនេះរួមមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពគ្រប់ទម្រង់ ការគោរពពេញលេញចំពោះ និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្នុងក្របខ័ណ្ឌដូចគ្នា។

របៀបវារៈអាទិភាពមួយទៀតគឺការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំងជនស៊ីវិលដែល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចត្រឡប់ទៅផ្ទះវិញ និងបោះជំហានជាបន្ទាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រួមជាមួយនឹងការធ្វើឱ្យសកម្មឡើងវិញជាបន្ទាន់ នៃយន្តការដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌនេះ រួមទាំងការកំណត់ព្រំដែន និងកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌៕ ផ្ដល់សិទ្ធិដោយ៖ Fresh News