ព័ត៌មានជាតិ December 23, 2025

ប្រមុខការទូតកម្ពុជា៖ ថៃទាត់ចោលសំណើ ៣ដង របស់ម៉ាឡេស៊ី និង ១ដង របស់អាមេរិក ដែលស្នើឱ្យមានបទឈប់បាញ់រវាងកម្ពុជា–ថៃ ក្រោយផ្ទុះអាវុធលើកទី២

Liny Chan

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ភាគីថៃបានទាត់ចោលសំណើចំនួន ៣ដង របស់ប្រទេសម៉ាឡេស៊ី និង ១ដង របស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយការផ្ទុះអាវុធឡើងវិញ លើកទី២។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ «ប្រទេសម៉ាឡេស៊ី បានធ្វើសំណើចំនួន ៣ដង ដើម្បីឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ ហើយឯកឧត្តមប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានធ្វើសំណើមកដែរចំនួន១ដង។ ក្នុងន័យនេះ កម្ពុជាបានទទួលយកភ្លាមៗ ដោយមិនបង្អង់យូរទេ ប៉ុន្តែភាគីថៃវិញ មិនបានទទួលយកនូវសំណើរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសំណើរបស់ប្រធានាធិបតីត្រាំ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានេះឡើយ»

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ នៅក្នុងកិច្ចប្រជុំពិសេសនេះ ដោយលើកឡើងពីគោលបំណងសំខាន់ គឺដើម្បីបញ្ឈប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ បញ្ឈប់ការប្រយុទ្ធដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែង មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូលផងដែរ។

ក្នុងន័យនេះ លោក ប្រាក់ សុខុន បានលើកសំណើចំនួន ៣ចំណុច ដល់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលមានវត្តមានក្នុងកិច្ចប្រជុំ រួមមាន៖

ទី១៖ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងថៃ ត្រូវបញ្ឈប់ការប្រយុទ្ធ ចាប់ពីម៉ោង ១០យប់ តទៅ និងវិលត្រឡប់ទៅរកបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា។

ទី២៖ ស្នើឱ្យភាគីយោធាទាំងពីរ វិលត្រឡប់ទៅទីតាំងដើមរៀងៗខ្លួន មុនពេលកើតមានជម្លោះ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិល នៅតំបន់ព្រំដែន វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព។

ទី៣៖ ដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីតែប៉ុណ្ណោះ មិនប្រើប្រាស់កម្លាំង និងគោរពតាមច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលភាគីទាំងពីរមានរួមគ្នា។

ជាកិច្ចបញ្ចប់ លោក ប្រាក់ សុខុន បានរំលឹកឡើងវិញថា បច្ចុប្បន្នមានទាហានកម្ពុជាចំនួន ១៨នាក់ ត្រូវបានភាគីថៃចាប់ឃុំខ្លួនដោយខុសច្បាប់ ហើយបានអំពាវនាវដល់អង្គប្រជុំ សូមជួយជំរុញឱ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំងអស់ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយឆាប់រហ័ស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News