ព័ត៌មានជាតិ December 23, 2025

រដ្ឋមន្ត្រីបរិស្ថាន ហៅទង្វើថៃបាញ់ផ្សែងពុល ទម្លាក់គ្រាប់បែកឱ្យខូចខាតធនធានធម្មជាតិ ថាជា «ឧក្រិដ្ឋកម្មបរិស្ថាន»

Liny Chan

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានហៅទង្វើឈ្លានពានរបស់យោធាថៃ ដែលទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល បំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជាថាជា «ឧក្រិដ្ឋកម្មបរិស្ថាន» ល្មើសធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស បន្ថែមពីការហៅរបស់ក្រសួងមហាផ្ទៃកម្ពុជា ថាថៃប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាម»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហៅទង្វើយោធាថៃឈ្លានពានទាំងកំរោល និងព្រៃផ្សៃបែបនេះ ក្នុងពេលធ្វើបាឋកថា ស្តីពី ការគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

រដ្ឋមន្ត្រីបរិស្ថាន បានពន្យល់ថា៖ « ខ្ញុំប្រើពាក្យឧក្រិដ្ឋកម្មបរិស្ថាន ដោយសារនៅក្នុងច្បាប់អន្តរជាតិមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារទេ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថានក៏បានធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពីទង្វើព្រៃផ្សៃយោធាថៃឈ្លានពានវាយប្រហារប្រើយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនអធិបតេយ្យកម្ពុជា រំលោភបំពានច្បាប់អន្តរជាតិ ត្រង់មាត្រាណាខ្លះ។

បណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖ «បរិស្ថានជាជីវិត មិនគោរពបរិស្ថាន គឺមិនគោរពជីវិត។ មិនគោរពជីវិត គឺបំពានសិទ្ធិមនុស្ស សិទ្ធិនៃការរស់រានមានជីវិត»។

ក្នុងច្បាប់មនុស្សធម៌អន្តរជាតិ (International humanitarian law «IHL») ត្រង់មាត្រា៣៥ ចំណុចទី៣ បានហាមឃាត់មិនឱ្យប្រើប្រាស់វិធីសាស្ត្រ ឬយុទ្ធោបករណ៍ធ្វើសង្គ្រាមណា ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រាលដាលក្នុងទ្រង់ទ្រាយធំ និងយូរអង្វែង ដល់បរិស្ថានធម្មជាតិឡើយ។

ត្រឹមថ្ងៃទី២៣ ខែធ្នូ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃបានឈ្លានពានលើកម្ពុជារយៈពេល ១៧ថ្ងៃជាប់ៗគ្នា ដោយបានប្រើប្រាស់យុទ្ធោបករណ៍ជាច្រើនប្រភេទដែលរំលោភច្បាប់អន្តរជាតិ ក្នុងនោះមានដូចជា៖ ប្រើប្រាស់យន្តហោះចម្បាំងឈ្លាន ពានទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល ប្រើប្រាស់គ្រាប់បែកចង្កោមជាដើម ដោយបានវាយប្រហារលើសពីគោលដៅយោធា បំពានលើទីតាំងស៊ីវិលជាច្រើនកន្លែង។

ក្រសួងមហាផ្ទៃកម្ពុជា បានហៅទង្វើយោធាថៃ ថាជាទង្វើព្រៃផ្សៃជា «ឧក្រិដ្ឋកម្មសង្គ្រាម» បណ្ដាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ចំនួន២១នាក់ (ទារក១នាក់) បាត់ បង់ជីវិត, រងរបួសជាង ៨០នាក់, ប្រជាពលរដ្ឋភៀសសឹកកើនឡើងជិត ៥៥ម៉ឺននាក់, បង្កការខូចខាតផ្ទះសម្បែងជាង ១០០ខ្នង, បំផ្លិចបំផ្លាញប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបន្សល់ទុក និងជាសម្បត្តិបេតិកភណ្ឌពិភពលោក, វត្តអារាម, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews