ព័ត៌មានជាតិ December 24, 2025

ទម្ងន់គ្រាប់បែកទម្លាក់ពីយន្តហោះ T50 របស់កងទ័ពអាកាសថៃ នៅ​ភ្នំសំពៅ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចចាកចេញពីផ្ទះ​សម្បែងទៅ​សម្ងំតាម​វាលស្រែ 

Liny Chan

(បាត់ដំបង)៖ បើទោះបីមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការទទូចពីសំណាក់អាមេរិក ចិន និងបណ្តាប្រទេសជាច្រើនឱ្យកម្ពុជា និងថៃ បញ្ឈប់ការផ្ទុះអាវុធរវាងគ្នាយ៉ាងណាក្តី តែកងទ័ពថៃនៅតែបន្តការ​ទន្ទ្រានឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ក្រៅពីការបាញ់ផ្លោងនៅតាមព្រំដែនហើយនោះ កងទ័ពអាកាសថៃ ក៏បានប្រើយន្តហោះ T50 ដែលទិញពីប្រទេសកូរ៉េខាងត្បូងមកទម្លាក់​គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជានៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ។

នៅភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាភូមិឋានមាន​ប្រជា​ពលរដ្ឋរស់នៅយ៉ាងច្រើននោះ កងទ័ពអាកាសថៃ បានទម្លាក់គ្រាប់​បែក​ជាច្រើនគ្រាប់។ ការទម្លាក់គ្រាប់បែកនេះ បានបង្កការភ័យខ្លាចយ៉ាង​ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ។ ការភ័យខ្លាចទម្ងន់គ្រាប់ធ្វើឱ្យប៉ះ​ពាល់ដល់អាយុជីវិតនោះ ប្រជាពលរដ្ឋក្នុងភូមិក្មេងចាស់ បានសម្រេចរត់​ចេញពីផ្ទះសម្បែងទៅនៅតាមវាលស្រែ។

ក្នុងចំណោមប្រជាពលរដ្ឋដែលបានរត់ចេញពីភូមិនោះ រួមមានស្ត្រីទើប​សម្រាល​​កូន និងក្មេងតូចៗផងដែរ។ ទិដ្ឋភាពនោះ រំលេចនូវក្តីសង្វេគយ៉ាងខ្លាំងក្លា ហើយនេះក៏បង្ហាញឱ្យឃើញនូវទង្វើព្រៃផ្សៃរបស់កងទ័ពអាកាសថៃ ដើម្បីសម្រេចមហិច្ឆតាឈ្លានពានដ៏ឃោរឃៅរបស់ពួកគេ គេមិនខ្លាចរអាច្បាប់ទម្លាប់សកល ហើយបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនស៊ីវិល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News