លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ !
(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះសារលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា «កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ» នោះឡើយ។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង ៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្ឌជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា «សង្គ្រាមលេណដ្ឋាន» ដូចចម្បាំងនៅ Verdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដីដោយមិនចេះចាញ់។
ក៏ប៉ុន្តែ បើតាមលោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ សង្គ្រាមនេះ បន្តសម្លាប់… យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្ថែមថា ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំង F-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ ឮបែកមេឃនៃសមរភូមិ Verdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជម្នះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្តទៀតថា ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative) នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។ ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

