ស្ថានភាពព្រំដែន មិនបង្អាក់សម្មភាពវិនិយោគថ្មីៗទេ, គម្រោងវិនិយោគចំនួន១៣ ដែលទទួលបានគោលការណ៍វិនិយោគ ក្នុងភូមិភាគឦសាន ទុនសរុប ៦៦០លានដុល្លារនឹងចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២៦
(ភ្នំពេញ)៖ តាមការណែនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន), នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ ២០២៥ លេខាធិការដ្ឋាន ក.វ.ឦសាន ដែលដឹកនាំដោយលោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ) និង ជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន, លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ កសហវ និង ជាអនុប្រធានលេខាធិការដ្ឋាន រួមទាំងសមាជិកនៃលេខាធិការដ្ឋាន បានរៀបចំជំនួបជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីផ្តល់ព័ត៌មានជូនវិនិយោគិន អំពីនីតិវិធីបន្ត ដែលក្រុមហ៊ុនត្រូវបំពេញ ដោយមានការសម្របសម្រួលគាំទ្រពីលេខាធិការដ្ឋានក្រុមការងារ ព្រមទាំងចូលរួមដោះស្រាយនូវបញ្ហា ឬ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងនីតិវិធី និង ទិដ្ឋភាពផ្សេងៗ នៃបទដ្ឋានគតិយុត្ត ជាមួយតំណាងក្រុមហ៊ុនដែលទទួលបានគោលការណ៍វិនិយោគ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ, ក្រុមហ៊ុនដែលទទួលបានគោលការណ៍វិនិយោគក្នុងភូមិភាគឦសាន ក្រោមកម្មវិធីពិសេសនេះមានចំនួន ៩ក្រុមហ៊ុន ដោយមានគម្រោងវិនិយោគចំនួន១៣ (ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, គ្រឹះស្ថានឧត្តមសិក្សា, និង មន្ទីរពហុព្យាបាល) ក្រោមទុនវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១២ ៩០០ កន្លែង ជូនប្រជាពលរដ្ឋ នៅពេលដំណើរការពេញលេញ។
ក្នុងនោះ, គម្រោងវិនិយោគចំនួន ៦ ស្ថិតក្នុងខេត្តក្រចេះ, ចំនួន៤ ក្នុងខេត្តមណ្ឌលគិរី, និង ចំនួន៣ ក្នុងខេត្តរតនគិរី ហើយគម្រោងទាំងនោះ នឹងចាប់ផ្តើមអនុវត្តនាដើមឆ្នាំ ២០២៦។
លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ការទទួលបានគោលការណ៍វិនិយោគ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ, ប៉ុន្តែ ការជំរុញអនុវត្តផែនការវិនិយោគឱ្យសម្រេចបានជោគជ័យ គឺរឹតតែសំខាន់ថែមទៀត ដើម្បីធានាថា រាល់ការលើកទឹកចិត្ត ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនក្រុមហ៊ុន ពិតជានាំមកនូវសកម្មភាពវិនិយោគជាក់ស្តែង, ចូលរួមបង្កើតចរន្តសេដ្ឋកិច្ច, បង្កើតការងារ និង លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិភាគឦសាន។
លោកបានគូសរំលេចជូនតំណាងក្រុមហ៊ុនទាំងអស់ថា ក្រុមការងារ ក.វ.ឦសាន នឹងនៅបន្តសម្របសម្រួល និង គាំទ្រដល់ការអនុវត្តគម្រោងវិនិយោគជាប្រចាំ ដើម្បីធានាថា ក្រុមហ៊ុនអាចអនុវត្តគម្រោងបានដោយរលូន, ទទួលបានការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាល និង លិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណនានា ស្របតាមច្បាប់ជាធរមាន បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយសមស្រប ក្នុងករណីមានការកកស្ទះ ជាយថាហេតុ។
ជាការឆ្លើយតប, តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគ ក្នុងភូមិភាគឦសាន និង បានប្តេជ្ញាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ជាពិសេស សង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងសន្យានឹងបន្តធ្វើការវិនិយោគ ឱ្យបានកាន់តែច្រើនថែមទៀត នៅជំហានបន្តបន្ទាប់ ។
ជាមួយនេះ, តំណាងក្រុមហ៊ុន បានសម្តែងការត្រេកអរ ចំពោះការបន្តសម្របសម្រួល របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន លើការអនុវត្តនីតិវិធីបន្ត ជាធរមាន ព្រោះថាកន្លងមក ក្រុមការងារបានអនុវត្តនីតិវិធីស្នើសុំគោលការណ៍វិនិយោគ ដោយមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស និង មានទំនុកចិត្តខ្ពស់។
គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







