ព័ត៌មានជាតិ December 25, 2025

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយបន្តពិភាក្សា ជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញ

Liny Chan

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយ នៅវេលាម៉ោង០៩៖០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។

នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News