ក្រុមអ្នកជំនាញ UN ថ្កោលទោសការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា ថាជាការឈ្លានពានខុសច្បាប់
(ហ្សឺណែវ)៖ ក្រុមជំនាញខាងសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់ដែនសមុទ្រចំពោះវ៉េណេស៊ុយអេឡា ហើយចាត់ទុកចំណាត់ការនោះថា ជាការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ និងបានអំពាវនាវឱ្យសភាអាមេរិកធ្វើអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមអ្នកជំនាញ UN ខាងលើបាននិយាយថា គ្មានប្រទេសមួយណា មានសិទ្ធិអនុវត្តទណ្ឌកម្មឯកតោភាគី តាមរយៈការបិទខ្ទប់ដោយប្រើយោធាឡើយ ហើយការប្រើប្រាស់កម្លាំងធ្ងន់ធ្ងរបែបនេះ ក៏ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ៗផងដែរថាជា ការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ នៅក្រោមនិយមន័យការឈ្លានពានឆ្នាំ១៩៧៤ របស់មហាសន្និបាត UN។ ដូច្នេះហើយ វាត្រូវបានចាត់ទុកជាការវាយប្រហារប្រដាប់អាវុធ ក្រោមមាត្រា៥១នៃធម្មនុញ្ញរបស់ UN ដែលជាគោលការណ៍ ផ្តល់ឱ្យរដ្ឋរងគ្រោះ នូវសិទ្ធិស្វ័យការពារ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទវ៉េណេស៊ុយអេឡាថា ប្រើប្រាស់ប្រេងដែលជាធនធានចម្បង របស់ប្រទេសអាមេរិកឡាទីនមួយនេះ ទៅទ្រទ្រង់អំពើភេរវកម្មគ្រឿងញៀន ជួញដូរមនុស្ស ឃាតកម្ម និងចាប់ជំរិត។ យ៉ាងណាមិញ ទីក្រុងការ៉ាកាស បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានចោទទៅវិញថា ទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមផ្តួលរំលំ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដើម្បីដណ្តើមកាន់កាប់ធនធានប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា ដែលមានទំហំធំជាងគេលើពិភពលោក។
គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិកបានបើកការវាយប្រហារម្តងហើយម្តងទៀត លើទូកដែលទីក្រុងវ៉ាស៉ីនតោន បានអះអាងដោយមិនបង្ហាញភស្តុតាងថា លួចដឹកជញ្ជូនគ្រឿងញៀន។ មកទល់ពេលនេះ មនុស្សច្រើនជាង១០០នាក់ ត្រូវបានសម្លាប់។ ក្រុមអ្នកជំនាញ UN បានលើកឡើងថា ការសម្លាប់មនុស្សទាំងនោះ គឺស្មើនឹងការរំលោភបំពានសិទ្ធិរស់រានមានជីវិត ហើយចាំបាច់ត្រូវមានការស៉ើបអង្កេត និងរកមុខអ្នកទទួលខុសត្រូវ។ ជាចុងក្រោយ ក្រុមអ្នកជំនាញ UN បានបន្ថែមថា ទន្ទឹមគ្នា សភាអាមេរិកគួរតែលូកដៃធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ការវាយប្រហារបន្តទៀត និងដកចេញវិញនូវការបិទខ្ទប់ដែនសមុទ្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

