ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយ លោក នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន២៤។
ជំនួបនេះ បានធ្វើឡើងខណៈដែលកងទ័ពថៃ កំពុងឈ្លានពានកម្ពុជា ជាលើកទី២ ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយមិនរើសគោលដៅ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានចូលជ្រៅមកក្នុងទឹកដីកម្ពុជា។
របាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ចំនួន៣០នាក់ហើយ ដែលបានស្លាប់ និង៨៧នាក់ទៀតរងរបួសពីការវាយប្រហារមិនរើសគោលដៅរបស់ថៃ ខណៈដែលមានជនភៀសសឹកសរុប ៦៣៦ ៦៧៩នាក់ ក្នុងនោះស្ត្រី ៣៣១ ៨៥០នាក់ និងកុមារ២០២ ៤៥៥នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News










