ព័ត៌មានជាតិ December 28, 2025

តុក្កតាភ្ជាប់ក្ដីស្រលាញ់ ត្រូវបានបរិច្ចាគខ្ទង់ម៉ឺន កំឡុងជំនួបដ៏ធំបឹងកេត ប៉ះព្រះខ័នរាជស្វាយរៀង 

Nisaiy KP

(ភ្នំពេញ)៖ ខណៈបឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នៅព្រលប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មានរឿងដ៏គួរចាប់អារម្មណ៍ ដោយអ្នកគាំទ្របានបរិច្ចាគតុក្កតាយ៉ាងច្រើនចូលទីលាន ស្របតាមកម្មវិធីតុក្កតាផ្សារភ្ជាប់ក្ដីស្រលាញ់ ដែលផ្ដួចផ្ដើមដោយម្ចាស់ផ្ទះបឹងកេត។

តុក្កតាខ្ទង់ម៉ឺន ត្រូវបានអ្នកគាំទ្រនាំមកជាមួយ ហើយបានបរិច្ចាគចូលទីលាន ក្រោយសម្រាកវគ្គទី១ នៃការប្រកួតដ៏ធំនេះ ដែលលើសពីការប្រកួតប្រជែងបាល់ទាត់ ហើយតុក្កតាទាំងអស់នេះ នឹងត្រូវប្រមូលរៀបចំសម្រាប់បរិច្ចាគផ្ដល់ក្ដីស្រលាញ់ដល់កុមារ ដែលកំពុងស្ថិតនៅជំរុំភៀសសឹក ក៏ដូចជាផ្ដល់នូវភាពកក់ក្ដៅដល់ពួកគេផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ទៀតនោះ គឺការបង្កើតកំណត់ត្រាប្រវត្តិ អ្នកចូលទស្សនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដែលការប្រកួតនេះ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់រហូតដល់ ២០,០០៥នាក់ ។ នេះគឺជាតួរលេខខ្ពស់បំផុតក្នុងប្រវត្តិលីគកំពូលកម្ពុជា ។ រីឯលទ្ធផលចប់ការប្រកួតផ្លូវការ គឺបឹងកេត បានយកឈ្នះក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ២-១៕ ផ្ដល់សិទ្ធិដោយ៖ Freshnews