តំបន់សមរភូមិស្ងប់ស្ងាត់២៤ម៉ោងហើយ, ពលរដ្ឋតំបន់សមរភូមិ បានសម្រាន្តលក់ស្រួល ខណៈ២០ថ្ងៃកន្លងទៅអារម្មណ៍ភិតភ័យសូម្បីពេលសម្រាន្ត
(បន្ទាយមានជ័យ)៖ រហូតមកដល់វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទល់ដែនកម្ពុជាបានស្ងប់ស្ងាត់រយៈពេល២៤ម៉ោងហើយ បន្ទាប់ពីកម្ពុជា-ថៃ បានព្រមព្រៀងអនុវត្តន៍ឈប់បាញ់បន្ទាន់ចាប់ពីម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ។

ពីសំឡេងគ្រាប់លាន់ឮទ្រហឹងមកជាស្ងប់ស្ងាត់រយៈពេល២៤ម៉ោងកន្លងមកនេះ បានធ្វើអារម្មណ៍ប្រជាពលរដ្ឋនៅតាមភូមិសាស្ត្រដែលមានសង្គ្រាមនោះ បានប្រែក្លាយពីការតាន់តឹង និងភិតភ័យ ត្រឡប់ធូរស្រាលវិញផងដែរ។
ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តសមរភូមិដ៏ក្តៅគគុកផងដែរនោះ បានរៀបរាប់ថា រយៈពេល២០ថ្ងៃកន្លងទៅនេះ ពួកគាត់ស្តាប់ឮសំឡេងអាវុធ និងគ្រាប់ផ្លោងជារៀងរាល់ថ្ងៃ។ សំឡេងអាវុធ និងគ្រាប់ផ្លោងនេះ ធ្វើឱ្យអារម្មណ៍ពួកគាត់មិនស្ងប់ ភិតភ័យ និងខ្វាយខ្វល់ជារៀងរាល់ថ្ងៃ។ សូម្បីតែពេលរាត្រី ក៏មិនអាចសម្រាកសម្រាន្តបានស្កប់នោះដែរ ព្រោះបារម្ភពីទម្ងន់គ្រាប់ដែលបាញ់ផ្លោងធ្លាក់លើផ្ទះសម្បែងរបស់ពួកគាត់។
នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ សំឡេងគ្រាប់មិនលាន់ឮទៀតនោះទេ។ ភាពស្ងប់ស្ងាត់នៃសំឡេងគ្រាប់បានធ្វើឱ្យអារម្មណ៍ដែលភិតភ័យ ព្រួយបារម្ភរបស់ប្រជាពលរដ្ឋ បានរសាយ ហើយសម្រាកសម្រាន្តបានស្កប់ស្កល់ផងដែរ។
ប្រជាពលរដ្ឋកម្ពុជា ជាជាតិសាសន៍ដែលបានហែលឆ្លងសមុទ្រទុក្ខនៃសង្គ្រាមពីអតីតកាលឆ្អែតឆ្អន់មកហើយ សង្គ្រាមនាពេលបច្ចុប្បន្នមិនមែនជារឿងថ្មីនោះឡើយ។ ដូច្នេះពលរដ្ឋកម្ពុជា បានយល់ច្បាស់នូវផលអាក្រក់ទាំងឡាយកើតចេញពីភ្លើងសង្គ្រាម។
ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ធ្វើឱ្យស្ងាត់ទៅវិញនូវការផ្ទុះអាវុធរយៈពេលប្រមាណ២០ថ្ងៃនោះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្ថិតនៅភូមិសាស្ត្រសង្គ្រាមសម្តែងការស្វាគមន៍យ៉ាងខ្លាំងក្លាបំផុត។
ពួកគាត់ក៏ប្រាថ្នាឱ្យការអនុវត្តន៍បទឈប់បាញ់នេះ ត្រូវបានប្រកាន់ខ្ជាប់ ហើយនាំត្រឡប់មកវិញនូវសុខសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews







