ព័ត៌មានជាតិ December 29, 2025

ឥណ្ឌូណេស៉ី សម្រេចមិនឱ្យមានការបាញ់កាំជ្រួចអបអរថ្ងៃឆ្លងឆ្នាំសកល ព្រោះកំពុងបន្តកាន់ទុក្ខជនរងគ្រោះមហន្តរាយទឹកជំនន់ នៅកោះស៊ូម៉ាត្រា

Liny Chan

(ហ្សាការតា)៖ មន្រ្តីការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី នាថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលគាំទ្រផែនការរបស់តំបន់មួយចំនួន ដែលសម្រេចមិនឱ្យមានការបាញ់កាំជ្រួច អំឡុងពេលអបអរថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្នុងសប្តាហ៍នេះឡើយ ដើម្បីបន្តការចូលរួមកាន់ទុក្ខ ចំពោះជនរងគ្រោះជាង១០០០នាក់ ដែលបានបាត់បង់ជីវិត ក្នុងមហន្តរាយទឹកជំនន់ កាលពីពេលថ្មីៗកន្លងទៅ នៅកោះស៊ូម៉ាត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។

អាជ្ញាធរឥណ្ឌូណេស៉ីនៅតាមតំបន់មួយចំនួន រួមទាំងនៅរដ្ឋធានីហ្សាការតា និងកោះទេសចរណ៍ Bali បាននិយាយថា ពួកគេនឹងមិន​អនុញ្ញាតឱ្យមានព្រឹត្តិការណ៍បាញ់កាំជ្រួចឡើយ ដើម្បីជាការបង្ហាញក្តីគោរពចំពោះជនរងគ្រោះនៅកោះស៊ូម៉ាត្រា ជាទីដែលទឹកជំនន់និងបំណាក់ដី បានផ្តាច់ជីវិតមនុស្សរហូតដល់ ១១០០នាក់ ហើយប្រមាណ៤០០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។

លោក Prasetyo Hadi អ្នកនាំពាក្យការិយាល័យប្រធានាធិបតី Prabowo Subianto បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលយល់ថា វាគឺជាការសម្រេចចិត្តត្រឹមត្រូវ ដែលអាជ្ញាធរប្រចាំតំបន់ ហាមឃាត់ព្រឹត្តិការណ៍បាញ់កាំជ្រួច ឬអំពាវនាវឱ្យប្រជាជនកុំ​បាញ់កាំជ្រួច អំឡុងឱកាសអបអរថ្ងៃឆ្លងឆ្នាំសកល។ អ្នកនាំពាក្យរូបនោះ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងត្រឹមត្រូវ ព្រោះយើងចាំបាច់ត្រូវបង្ហាញការចូលរួមអាណិតអាសូរ និងសាមគ្គីភាព ក្នុងនាមជាប្រជាជាតិមួយ ដ្បិតមានមនុស្សមួយចំនួន ដែលបានរងទុក្ខដោយសារគ្រោះមហន្តរាយ»។

គួរបញ្ជាក់ថា បើតាមការវាយតម្លៃ កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញនៅតំបន់រងគ្រោះទឹកជំនន់ លើកោះស៊ូម៉ាត្រា ដូចជាខេត្ត North Sumatra, West Sumatra និង Aceh ទំនងនឹងត្រូវចំណាយថវិកាយ៉ាងហោច៣.១១ពាន់លានដុល្លារ។ មកទល់ពេលនេះ កន្លែងមួយចំនួននៅកោះស៊ូម៉ាត្រា កំពុងបន្តស្ថិតក្រោមការប្រកាសភាពអាសន្ននៅឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News