អ្នកម្តាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខផ្តល់ភាពកក់ក្តៅដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

នេះជាការចុះសួរសុខទុក្ខដោយផ្ទាល់ នៅតាមមន្ទីរពេទ្យជាលើកទី៤ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេង ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារដែលមានពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជនទាំងអស់ ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមី កូនៗជាទីស្រឡាញ់ទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។
បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបដោយទទួលបានភាពកក់ក្ដៅជាទីបំផុត ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងសម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។
វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។
ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ។ ទន្ទឹមនឹងនេះ អ្នកម្តាយមនុស្សធម៌ តែងតែតាមដានជាប់ជាប្រចាំ និងចាត់ឱ្យសហការីចុះសួរសុខទុក្ខវីរយុទ្ធជននៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាជាបន្តបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







































