អាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២ពាន់លានដុល្លារដល់ UN សម្រាប់ឆ្នាំ ២០២៦ ជាមួយការរៀបចំយន្តការថ្មី
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា ២ពាន់លានដុល្លារ ក្នុងកញ្ចប់ជំនួយសម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លាន និងជំងឺនៅក្នុងប្រទេសមួយចំនួន នាឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃយន្តការថ្មី ក្រោយរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយ ២ពាន់លានដុល្លារដែលទីក្រុងវ៉ាស៉ីនតោនបានសន្យានេះ នឹងត្រូវពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) ក្រោមគំរូថ្មីមួយដែលបានព្រមព្រៀងជាមួយ UN ដែលមានបំណងធ្វើឱ្យការផ្តល់មូលនិធិ និងការផ្តល់ជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវលើការចំណាយ។
សហរដ្ឋអាមេរិក និង UN គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៧ជាមួយប្រទេសនីមួយៗ ដែលសហរដ្ឋអាមេរិកកំណត់ថាជាប្រទេសអាទិភាព។ លោក Tom Fletcher ប្រធានផ្នែកជំនួយរបស់ UN បាននិយាយថា វិស័យមួយចំនួនដែលជាអាទិភាពសម្រាប់ UN រួមទាំងនៅយេម៉ែន អាហ្វហ្គានីស្ថាន និងហ្កាហ្សា មិនទទួលបានមូលនិធិពីសហរដ្ឋអាមេរិកក្រោមយន្តការថ្មីនេះទេ ហើយUN នឹងស្វែងរកការគាំទ្រពីអ្នកផ្តល់ជំនួយផ្សេងទៀត។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់ UN ការរួមចំណែកសរុបផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិក មកកាន់ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រហែល ១៤.៨ភាគរយនៃចំនួនទឹកប្រាក់សកល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



