ព័ត៌មានជាតិ December 30, 2025

អាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២ពាន់លានដុល្លារដល់ UN សម្រាប់ឆ្នាំ ២០២៦ ជាមួយការរៀបចំយន្តការថ្មី

Liny Chan

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា ២ពាន់លានដុល្លារ ក្នុងកញ្ចប់ជំនួយសម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លាន និងជំងឺនៅក្នុងប្រទេសមួយចំនួន នាឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃយន្តការថ្មី ក្រោយរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយ ២ពាន់លានដុល្លារដែលទីក្រុងវ៉ាស៉ីនតោនបានសន្យានេះ នឹងត្រូវពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) ក្រោមគំរូថ្មីមួយដែលបានព្រមព្រៀងជាមួយ UN ដែលមានបំណងធ្វើឱ្យការផ្តល់មូលនិធិ និងការផ្តល់ជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវលើការចំណាយ។

សហរដ្ឋអាមេរិក និង UN គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៧ជាមួយប្រទេសនីមួយៗ ដែលសហរដ្ឋអាមេរិកកំណត់ថាជាប្រទេសអាទិភាព។ លោក Tom Fletcher ប្រធាន​ផ្នែក​ជំនួយ​របស់​ UN ​បាន​និយាយថា វិស័យ​មួយចំនួន​ដែលជា​អាទិភាព​សម្រាប់ UN រួមទាំងនៅ​យេម៉ែន អាហ្វហ្គានីស្ថាន និង​ហ្កាហ្សា មិន​ទទួលបាន​មូលនិធិ​ពី​សហរដ្ឋអាមេរិក​ក្រោម​យន្តការ​ថ្មី​នេះ​ទេ ហើយUN នឹង​ស្វែងរក​ការគាំទ្រ​ពី​អ្នកផ្តល់ជំនួយ​ផ្សេងទៀត។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់ UN ការរួមចំណែកសរុបផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិក មកកាន់ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រហែល ១៤.៨ភាគរយនៃចំនួនទឹកប្រាក់សកល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News