មេដឹកនាំកោះតៃវ៉ាន់ ប្តេជ្ញាមិនបង្កើនជម្លោះឬបង្កវិវាទ ស្របពេលយោធាចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំ
(តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្តេជ្ញាថា តៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កវិវាទឡើយ ស្របពេលដែលយោធាចិនចាប់ផ្តើមថ្ងៃទី២ នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ដែលផ្តោតលើហ្វឹកហាត់ឡោមព័ទ្ធដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥។

លោក Lai បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «យើងនឹងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដោយមិនបង្កើនជម្លោះ ឬបង្កឱ្យមានបញ្ហាវិវាទណាមួយឡើយ»។ ការបង្ហោះសាររបស់លោក Lai គឺស្របពេលដែលយោធាចិន កំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល២ថ្ងៃ ហៅថា Justice Mission 2025 ចាប់ផ្តើមកាលពីម្សិលមិញ។ កាលពីថ្ងៃចន្ទ ការិយាល័យរបស់លោក Lai បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សមយុទ្ធយោធារបស់ចិន ថាជាសកម្មភាពសម្លុតគំរាមយោធា។
គួរបញ្ជាក់ថា ការដំឡើងសាច់ដុំយោធាចុងក្រោយបង្អស់នេះ គឺកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសគម្រោងលក់សព្វាវុធធំបំផុតមួយ មានតម្លៃដល់ទៅជាង១១ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងក្រោយពីមានការអត្ថាធិប្បាយកាលពីខែវិច្ឆិកា ដោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ដែលថា ក្នុងករណីចិនបើកការវាយលុកលើតៃវ៉ាន់ នោះអាចនឹងបង្ខំឱ្យទីក្រុងតូក្យូ ត្រូវធ្វើអន្តរាគមន៍យោធា។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



