កម្ពុជាប្រកាសដាក់ដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំងដូចមានផែនទីលម្អិត ក្នុងឧបសម្ព័ន្ធជូនភ្ជាប់។
ស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកលនេះ អ្នកប្រើប្រាស់សេវារបស់ប្រតិបត្តិករទូរសព្ទចល័តទាំង ៣ ខាងលើ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពីម៉ោង ០០៖០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ នៅតាមទីតាំងដូចបានជម្រាបជូនខាងលើ ដែលនៅដំណាក់កាលដំបូង គឺនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗ មួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។ ជាជំហានៗបន្តទៀត វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងពង្រីកឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងទៅកាន់គ្រប់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។
សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថល ជាដើម។
សេវា 5G មិនមែនត្រឹមតែមាន «អ៊ីនធឺណិតល្បឿនលឿន» ប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមទទួលយកបទពិសោធថ្មីនៃសេវា 5G នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









