ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ ១៣ លានដុល្លារដល់កសិករផលិតស្រូវនៅខេត្តចំនួនបួន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង ១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក និងម៉ាសុីនកិនស្រូវជាដើម។
សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)៕
ផ្សាយ៖ កន ចំណាន ប្រភព៖ ក្រសួងកសិកម្ម


