គ្រឹះស្ថានសិក្សាទាំងអស់នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៥មករាតទៅ លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ
យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់នឹងបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

តាមសេចក្តីណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សាទាំងអស់នឹងបើកដំណើរការឡើងវិញបាន លើកលែងតែសាលាបឋមសិក្សា ជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅពុំទាន់អាចដំណើរការបានទេ។
ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក៏បានជូនដំណឹងពីការបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សាដែលបានផ្អាកដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួមមួយនៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមផងដែរ។
សូមជម្រាបជូនថា ក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សភាពការណ៍នៅព្រំដែនមានសភាពស្ងប់ស្ងាត់ ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅផ្ទះសម្បែងវិញបណ្តើរៗ។ ចំណែកសេវារដ្ឋបាល សាលារៀន និងសេវាសុខាភិបាលមួយចំនួនក៏បានឲ្យដំណើរការឡើងវិញផងដែរ៕
ប្រភព៖ ក្រសួងព៌ត៍មាន
ផ្សាយ៖ កន ចំណាន


