អ្នកនាំពាក្យក្រសួងការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមយោធាថៃកំពុង បន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន នៅខេត្តចំនួនបួនក្នុងទឹកដីកម្ពុជា។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃទាំងងងើល និងខុសច្បាប់អន្តរជាតិនេះ។

ថ្លែងនៅក្នុងផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសឱ្យដឹងថា៖ភាគីថៃ មិនបានអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។
ឯកឧត្តមបានថ្លែងថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជា ច្បាប់មនុស្សធម៌ និងច្បាប់ សិទ្ធិមនុស្សអន្តរជាតិ រួមទាំង៖
មាត្រា ២ (៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះ ស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត។ មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើដែលពុំមានហេតុផល យោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់កំពុងនៅជាធរមាន។មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ផងថា៖”វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិដែល ត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ”។
ជាមួយគ្នានេះ អ្នកនាំពាក្យស្តីទីក្រសួងការបរទេសបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំង នឹងការរំលោភបំពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌ សីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥៕
ប្រភព៖ ក្រសួងព័ត៌មាន
