ក្រសួងការពារជាតិ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់ (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំ ស្តីពី ការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ។

ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាងក្រោម ៖
១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។
២.ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។
៣.អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង ដ្រូន (Anti-Drone System)។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកង យោធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងការពារជាតិ
