ព័ត៌មានជាតិ January 5, 2026

ទីផ្សារ ចាំទទួលទិញស្រូវពីសហគមន៍កសិកម្មទំនើបកាន់តែរីកធំ

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅចុងរដូវវស្សាឆ្នាំនេះ ទីផ្សារចាំទទួលទិញស្រូវពីកសិករ ធ្វើឡើងមុនសហគមន៍កសិកម្មទំនើប ធ្វើផលិតកម្ម កាន់តែរីកធំទូលាយ ខណៈមានកិច្ចសន្យចាំទទួលទិញនិង កិច្ចសន្យាផ្គត់ផ្គង់ស្រូវបានកើតមាន ជាបន្តបន្ទាប់។

កាលពីថ្ងៃទី៤ធ្នូ២០២៥ ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំបានធ្វើ កិច្ចសន្យាក្នុងទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងដើម្បីប្រមូលទិញស្រូវសែនក្រអូបនិង ស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា។

ហើយកាលពីថ្ងៃទី៣ធ្នូ២០២៥ ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត ដែលមួយនៅសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យនៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង បានធ្វើកិច្ចសន្យាធានា ការផ្គត់ផ្គង់ស្រូវសែនក្រអូប ក្នុងបរិមាណជិត១០០០០តោន ក្នុងអំឡុងពេល៤ខែខាងមុខទៀត។

កិច្ចសន្យាផ្គត់ផ្គង់និងប្រមូលទិញស្រូវរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើប ខាងលើនេះបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីថ្នាក់ដឹកនាំក្រសួងកសិកម្មជាមួយ នឹងការធានាតម្លៃសមរម្យទុកជាមុន។

នេះគឺជាជោគជ័យរបស់រាជរដ្ឋាភិបាលនៅក្នុងការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយវិបត្តិទីផ្សារស្រូវរបស់កសិករ តាមរយះមានកិច្ចសន្យាផ្គត់ផ្គង់និង ប្រមូលទិញភោគផលកសិកម្ម។

ជោគជ័យនេះ បានមកពីការជួយជ្រោមជ្រែងចំពោះការបង្កើតសហគមន៍កសិកម្មទំនើប និងការពង្រឹងសមត្ថភាព បច្ចេកទេស ព្រមទាំងហិរញ្ញវត្ថុ។

ដូចជាកាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម បានសម្រេចផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លាដើម្បីគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើមដល់សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក ខេត្តកំពង់ធំ សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ ខេត្តបាត់ដំបង សហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាបសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ ខេត្តបាត់ដំបង សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត នៅខេត្តបាត់ដំបង សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅខេត្តបាត់ដំបង សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី ខេត្តបាត់ដំបង សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅខេត្តកំពង់ធំ និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ នៅខេត្តបន្ទាយមានជ័យ៕ ប្រភព៖ ក្រសួងព័ត៌មាន