ព័ត៌មានជាតិ January 5, 2026

ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មី និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍

Liny Chan

នាព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោម៖

របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈីវ យីស៊ាង មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួសឯកឧត្តម ចែម វីឌ្យ៉ា ដែលត្រូវទៅបំពេញភារកិច្ចថ្មី។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៤រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។

របៀបវារៈទី៤៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

របៀបវារៈទី៥៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

សេចក្តីព្រាងច្បាប់ទាំង៣នេះខាងលើនេះ ត្រូវបានឯកឧត្តម ង៉ាន់ ចំរើន  ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន១រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដោយ៖ កន ចំណាន ប្រភព៖ នាយកដ្ឋានព័ត៌មាន