កុមារភៀសសឹកមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បានចូលរៀននៅតាមថ្នាក់រៀនបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ី នៅព្រឹកថ្ងៃនេះ
កុមារភៀសសឹក ដែលកំពុងស្នាក់នៅជាមួយឪពុកម្ដាយ និងអាណាព្យាបាល ភៀសខ្លួនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចូលរៀននៅតាមថ្នាក់រៀនបណ្ដោះអាសន្ន ដែលត្រូវបានរៀបចំតាមកម្រិត នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ក្រោយសាលារៀនមួយចំនួនបានផ្អាកដោយសារការទម្លាក់ និងគ្រាប់ផ្លោងរបស់យោធាថៃ ទៅលើសាលារៀន និងភូមិឋានជនស៊ីវិល នាពេលកន្លងមក។

លោក សុវណ្ណ សោភ័ណ នាយកសាលាបឋមសិក្សាជោគជ័យ ដែលកំពុងឈរជើងនៅមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ី បានថ្លែងថា ការបើកថ្នាក់រៀនដំបូងនេះ ក្រោយពេលអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីអង្គការ និងម្ចាស់ជំនួយនានា បានរៀបចំថ្នាក់រៀនជាតង់ និងសម្ភារសិក្សា សម្រាប់ការបង្រៀនបណ្ដោះអាសន្ន។
ដោយឡែកសម្រាប់ថ្នាក់រៀនបណ្ដោះអាសន្ន ដែលត្រូវបានរៀបចំជាលើកដំបូងនៅទីនេះ មានថ្នាក់រៀនចំនួន ១៤ថ្នាក់ ក្នុងនោះមានកម្រិតមត្តេយ្យសិក្សាចំនួន ៣ថ្នាក់ និងថ្នាក់បឋមសិក្សា ១១ថ្នាក់។
លោកនាយកសាលាបឋមសិក្សាជោគជ័យ បានឱ្យដឹងបន្ថែមទៀតថា សិស្សចូលរៀននៅថ្ងៃដំបូងនេះមានចំនួន ២៨៦នាក់ ក្នុងចំណោមសិស្សសរុប ៤៥០នាក់ ដែលបានចុះឈ្មោះរៀន ក្នុងបវេសនកាលឆ្នាំ២០២៥-២០២៦ នៅសាលាបឋមសិក្សាជោគជ័យ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភព៖ ក្រសួងព័ត៌មាន
ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)








