កម្ពុជា និងអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែង ស្របទៅតាមវិស័យអាទិភាពនៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាតំណាង អ.ស.ប. នានា នៅកម្ពុជា ដើម្បីគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្ដម ចូ សូយ័រ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ។
ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និង អ.ស.ប. ស្របទៅតាមវិស័យអាទិភាពនៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖ កន ខំណាន



