ព័ត៌មានជាតិ January 6, 2026

ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួនជាង ៦០០ លានដុល្លារអាម៉េរិក

Liny Chan

 ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨ លានដុល្លារអាម៉េរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២៧៣ ៦៥៧ តោន គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារ និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់។ល។ បានចំនួន ៩៦ ១២២ តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២% អង្ករសរីរាង្គចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩% ។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៥៧៩.៨៦ លានដុល្លារអាម៉េរិក ។

សូមបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ប្រភព៖ Fresh News

ដោយ៖ AKP រិទ្ធី