ឯកឧត្តម វ៉ី សំណាង កំណត់យកថ្ងៃទី៧ កុម្ភៈ ខាងមុខ ជាថ្ងៃបើកការដ្ឋានសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ
ខេត្តតាកែវ៖ សមិទ្ធផលថ្មីស្រឡាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ “ប្រាសាទកណ្ដាលបឹងតាកែវ” ដែលគ្រោងនឹងប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យទីតាំងនេះ ឯកឧត្តម វ៉ី សំណាង បានផ្ដល់ការណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារសិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ “រចនាបថខ្មែរបុរាណ” ដើម្បីឱ្យសំណង់នេះមានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។
ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវឱ្យកាន់តែមានភាពទាក់ទាញ វាមិនត្រឹមតែជាកន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន ដែលជាកម្លាំងជម្រុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង”។
សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា “ក្រពុំឈូក” ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



