ព័ត៌មានជាតិ January 9, 2026

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បញ្ជាក់ពីផែនការបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ

Liny Chan

ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានបញ្ជូនជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ នាពេលអនាគត។

ការគូសបញ្ជាក់របស់ ឯកឧត្តម ឯកអគ្គរាជទូត បានធ្វើឡើងជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានរំលេចអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង ថាមពល និងវិស័យសក្តានុពលផ្សេងៗទៀត។

ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានសម្តែង សុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត។

ជាការឆ្លៀតតប ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែល បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់៕ ប្រភព៖ Fresh News