ព័ត៌មានជាតិ January 9, 2026

ស្ទឹងព្រែកត្នោតប៉ែកខាងត្បូងក្នុងក្រុងតាខ្មៅ ត្រូវបានកែលម្អ ដើម្បីបម្រើរប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋ

Liny Chan

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់ កែលម្អច្រាំងស្ទឹងព្រែកត្នោត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានធ្វើការ ណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ។

សូមគូសបញ្ជាក់ផងដែរថា ៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖

១. ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន

២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ

៣. សួនបៃតង់

៤. ដាំបន្ថែមដើមឈើថ្មីតាមសួន

៥. សួនកំសាន្តកុមារ

៦. កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់

៧. កន្លែងអង្គុយលំហែតាមសួន

៨. អាហារដ្ឋាន (Food Court)

៩. អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ១០. ចំណតរថយន្តក្រុង

១១. ចំណត រថយន្ត

១២. ចំណតម៉ូតូ

ចំពោះ ថ្នាក់ទី២ មានរៀបចំ ៖

១. ជម្រាលសម្រាប់ជនពិការ

២. ផ្លូវដើរកំសាន្តថ្មើរជើង

៣. អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង

៤.បន្ទប់ទឹកសាធារណៈ ២កន្លែង

៥. សួនស្មៅ និងរុក្ខជាតិតូចៗ

៦. ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង

៧. ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម

៨. អំពូលភ្លើងបំភ្លឺតាមសួន។

រីឯថ្នាក់ទី៣ មានរៀបចំ៖

១.ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ

២. ផ្លូវដើរកំសាន្តថ្មើរជើង

៣. សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក

៤. បង្កាន់ដៃបេតុង និងដែក

៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

ប្រភព៖ Fresh News