ព័ត៌មានជាតិ January 9, 2026

ឯកឧត្តម កែវ រតនៈ ៖ កម្ពុជានឹងបង្កើតស្ថានីយ៍បញ្ចូលថាមពល ឱ្យគ្របបណ្តប់ទូទាំងប្រទេស

Liny Chan

ឯកឧត្តម កែវ រតនៈ បានថ្លែងថា ក្រសួងបាននិងកំពុងជំរុញការបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវខ្ពង់ចំណាយ និងការ ចូលរួមលើកកម្ពស់ថាមពលស្អាតជាដើម។

ក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្ត អគ្គិសនី និងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ ហ្សូ ម៉ូធ័រ ខេមបូឌា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរសាកល្បងស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញនេះ គឺបាន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទាញយកផលប្រយោជន៍ពីការកែទម្រង់ក្នុងវិស័យអគ្គិសនី។ ជាក់ស្តែងការដាក់ឱ្យដំណើរការស្ថានីយ៍សាកអាគុយនេះ បាននិងកំពុងចូលរួមនៅក្នុងសេដ្ឋកិច្ច-សង្គម តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមកាត់បន្ថយនូវខ្ទង់ចំណាយមួយចំនួន ចំពោះប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងអ្នកធ្វើអាជីវកម្មលើប្រតិបត្តិការ ដឹកជញ្ជូន និងភស្តុភាកម្មជាដើម។

លោកបណ្ឌិត អ៊ីម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា លើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍន៍ស្ថានីយ៍បញ្ចូលថាមពលគ្រប់ ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជំរុញពង្រាយស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនឱ្យបានចំនួន៣០០ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន៣០ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន ២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ជុំវិញវិស័យអគ្គិសនីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ដោយបានកសាងមូលដ្ឋានគ្រឹះមានស្ថិរភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត ហើយបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការកែទម្រង់ក្នុងល្បឿនលឿនមួយ បន្ថែមទៀត ដោយនៅក្នុងឆ្នាំ២០២៥ បានធ្វើឱ្យកម្ពុជាមានថាមពលស្អាតប្រមាណ ៦៣% នៃថាមពលសរុបក្នុងបណ្តាញជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទ៖ យី វិច្ឆិកា RNK