ក្រុមការងារចំពោះកិច្ចរៀបចំ គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាត ចុះវាយតម្លៃការខូចខាត ដោយការឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ និងភូមិសាស្រ្តនានាក្នុងខេត្តបន្ទាយមានជ័យ
ប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អនុប្រធាន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក និងផ្លូវថ្នល់ សាលារៀន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសនៅភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
.j.jpg)
ការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ និងមានឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាប្រធាន។
យោងតាមសេចក្តីសម្រេច សមាសភាពក្រុមការងារចំពោះកិច្ចនេះមានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ និងកំណត់ទំហំថវិកា ព្រមទាំងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ និងសម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ ព្រមទាំងវិស័យឯកជននានា។
ជាមួយគ្នានេះ ក្រុមការងារមានភារកិច្ចកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ ហើយរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល។ ប្រភព៖ ក្រសួងព័ត៌មាន

.j.jpg)




.j.jpg)
