ព័ត៌មានជាតិ January 10, 2026

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

Liny Chan

នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានទទួលជួបគណៈប្រតិភូដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងតំណាងក្រុមហ៊ុន DCON, BARAY GLOBAL MANAGEMENT និង BARIMEX ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ផល សុជាតិ បានគូសបញ្ជាក់ថា គោលដៅរបស់ឯកឧត្តមក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េលើកនេះ គឺដើម្បីស្វែងយល់ពីតម្រូវការទីផ្សារផលិតផលកម្ពុជាក្នុងប្រទេសកូរ៉េ សិក្សា​ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា​ ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ និងមានបំណងជំរុញបន្ថែមលើការនាំចេញផលិតផលសក្តានុពលកសិកម្មរបស់កម្ពុជាមកកាន់ទីផ្សារកូរ៉េ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានជួបក្រុមហ៊ុនកូរ៉េមួយចំនួនដើម្បីពិភាក្សាអំពីការនាំផលិតផលកូរ៉េ​ ទៅបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជាផងដែរ ដោយបានពិភាក្សារពីការនាំចូលផលិតផល ការផ្ទេរបច្ចកទេស និងបង្កើតរោងចក្រផលិតក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការសាទរចំពោះលទ្ធផលនៃដំណើរទសុ្សនកិច្ចរបស់ឯកឧត្តម ផល សុជាតិ ក្នុងប្រទេសកូរ៉េ។

ឯកឧត្តមត្រៀមខ្លួនសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ​ ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ​ និងសង្ឃឹមថានឹងមានវត្តមានផលិតផលខ្មែរកាន់តែច្រើន ក្នុងទីផ្សារកូរ៉េនាពេលអនាគតដ៏ខ្លីនេះ​៕ ប្រភព៖ ក្រសួងព័ត៌មាន