ឯកឧត្តម ស៊ុន ចាន់ថុល៖ កំណើននៃការនាំចេញរបស់កម្ពុជាបង្ហាញពីប្រសិទ្ធភាពនៃការចរចា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានអបអរសាទរចំពោះរបាយការណ៍ស្តីពីការនាំចេញ នាំចូលរបស់កម្ពុជានាពេលបច្ចុប្បន្ននេះដែលមានទំហំប្រហាក់ប្រហែលគ្នា ខុសពីពេលមុនដែលការនាំចូលរបស់កម្ពុជាច្រើនលើសលុបជាងការនាំចេញ ដោយបច្ចុប្បន្នការនាំចេញក្នុងរង្វង់ទឹកប្រាក់ជាង ៣១ពាន់លានដុល្លារអាម៉េរិក ហើយចំពោះការនាំចូលវិញគឺក្នុងរង្វង់ទឹកត្រឹមប្រាក់ជាង ៣៣ពាន់ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណើននៃការនាំចេញនេះបានបង្ហាញពីប្រសិទ្ធភាពនៃការចរចា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាដៃគូសំខាន់ៗតួយ៉ាងជាមួយសហរដ្ឋអាមេរិកជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាបានធ្វើកិច្ចចរចាតាំងពីខែមេសា ឆ្នាំ២០២៥ជាមួយសហរដ្ឋ អាមេរិកលើបញ្ហានៃពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលការចរចាបានប្រព្រឹត្តទៅអស់រយៈពេល៧ខែទើបចប់សព្វគ្រប់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ក្នុងពិភពលោក ដែលបានធ្វើការចរចាចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក ខណៈដែលប្រទេសមួយចំនួនទៀតគឺបានត្រឹមតែចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលអាចមានត្រឹមតែ ១ទំព័រ ឬ ២ទំព័រ តែប៉ុណ្ណោះ ដោយឡែកកម្ពុជាបានធ្វើកិច្ចការនេះជាមួយសហរដ្ឋអាមេរិកចប់សព្វគ្រប់ទាំងអស់ ខណៈប្រទេសម៉ាឡេស៊ីបានក្លាយជាប្រទេសទី២បន្ទាប់ពីកម្ពុជាដែលបានចុះកិច្ចព្ររមព្រៀងលើកិច្ចការនេះជាមួយសហរដ្ឋអាមេរិក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការណ៍ដែលកម្ពុជាធ្វើការលឿន និងរហ័សលើការចរចាពន្ធបដិការក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកនេះគឺអាស្រ័យដោយមានការដឹកនាំដោយ ផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមាន ការចូលរួមជាប្រចាំពីឯកឧត្តមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើទំនាក់ទំនងជាមួយក្រុមការងារចរចាកម្ពុជាដើម្បីធ្វើសេចក្តីសម្រេចលើបញ្ហា ណាមួយភ្លាមៗ ដោយមិនបាច់រង់ចាំយូរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចំពោះបញ្ហាពន្ធបដិការដែលដាក់ចេញដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយដែលកម្ពុជាសម្រេចបានការចរចាទៅហើយនោះមិនដឹងថាខែនេះ ឬខែក្រោយតុលាការកំពូលសហរដ្ឋ អាមេរិកអាចលុបចោលនូវអ្វីៗដែល ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញឬយ៉ាងណានោះគឺយើងមិន ទាន់ដឹងទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារយើងបានធ្វើកិច្ចការនេះចប់សព្វគ្រប់ទៅហើយនោះគឺយើងមិនសូវជាមានហានិភ័យច្រើននោះទេ បើទោះជាតុលាការកំពូលសហរដ្ឋអាមេរិកសម្រេចលុបចោលនូវពន្ធបដិការនេះក៏ដោយ ដែលយើងទាំងអស់គ្នាកំពុងតែរង់ចាំមើលថាតើតុលាការកំពូលសហរដ្ឋអាមេរិកនឹងសម្រេចបែបណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់យើងដែលបានចរចាចប់សព្វគ្រប់ហើយនោះ វានឹងជួយយើងក្នុងការកាត់បន្ថយហានិភ័យបានច្រើន ខណៈដែលបច្ចុប្បន្ននេះយើងកំពុងតែរៀបចំនូវនីតិវិធីស្នើសុំគណៈរដ្ឋមន្ត្រីពិនិត្យពិចារណាលើកិច្ចព្រមព្រៀងមួយនេះ ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិដើម្បីសុំសច្ចាបនលើកិច្ចព្រមព្រៀងនេះ ដែលកំពុងតែភាគីអាមេរិកក៏បានសាកសួរមកកម្ពុជាថាកិច្ចការមួយនេះបានដើរដល់ណាហើយ ព្រោះអាមេរិកខ្លាចថា យើងចុះកិច្ចព្រមព្រៀងជាមួយគេហើយបែរជាយកមកទុកចោល តែយើងបានឆ្លើយប្រាប់ទៅកាន់តំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកថាយើងកំពុងតែធ្វើកិច្ចនេះ ដោយមិនទុកវាចោលឡើយ៕ ប្រភព៖ ក្រសួងព័ត៌មាន


