ព័ត៌មានជាតិ January 12, 2026

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច កំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាត

Liny Chan

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ។

ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម។ ក្រៅពីនោះ ការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក មុននឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺជូនពលរដ្ឋភៀសសឹកផងដែរ។

បើតាមឯកឧត្ដម ប៉ែន បូណា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរសជននានាតាមរយៈការផ្តល់ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឯកឧត្ដមអ្នកនាំពាក្យបានបន្ដថា រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យក៏បានអំពាវនាវសូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ និងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាព និងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះសង្គ្រាមតែងបង្កវិនាសកម្ម និងទុក្ខសោកគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋដូចដែលយើងធ្លាប់បានហែលឆ្លងកាត់រួចមកហើយ។

ក្នុងន័យនេះ ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព និងតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ កម្ពុជាគោរពនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងនានាដែលបានធ្វើកាលពីពេលកន្លងទៅ និងជានិច្ចកាលប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងឱកាសនេះដែរ ឯកឧត្ដម ប៉ែន បូណា បានសង្កត់ធ្ងន់ផងដែរថា៖ «កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ រិទ្ធី