Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌៖ សកម្មភាពអភិរក្ស និងជួសជុលប្រចាំថ្ងៃនៃប្រាសាទព្រះវិហារ ត្រូវបានរាំងស្ទះ ក្រោយការបាញ់ប្រហាររបស់យោធាថៃ

    BY Liny Chan January 12, 2026
    ក្រសួងវប្បធម៌៖ សកម្មភាពអភិរក្ស និងជួសជុលប្រចាំថ្ងៃនៃប្រាសាទព្រះវិហារ ត្រូវបានរាំងស្ទះ ក្រោយការបាញ់ប្រហាររបស់យោធាថៃ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្រាប់ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃនៃប្រាសាទព្រះវិហារ ត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារអភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក) ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និងផ្នែកទាំងឡាយដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយអគារនិងសម្ភារអភិរក្ស និងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។

    នេះបើយោងតាមតាមសេចក្តីប្រកាសព័ត៌មានស្ដីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។

    ប្រភពដដែល បានបន្តថា គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ (ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា) ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួលរងការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់ការជួសជុលប្រាសាទត្រូវបានបំផ្លាញទាំងស្រុង។

    តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះសំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ) ការខូចខាតទីតាំងនេះមានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារឱ្យមានការសិក្សាលម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយលទ្ធផលសិក្សា កន្លងមកមិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ៕

    ​ប្រភព៖ ក្រសួងព័ត៌មាន

    ដោយ៖ កន ចំណាន

    Share This Post: