ត្រីរាជប្រភេទធំៗចំនួន ៥ក្បាលត្រូវបាននេសាទ ហើយប្រលែងចូលបឹងធម្មជាតិវិញកាលពីឆ្នាំ២០២៥
នៅដើមខែមករាឆ្នាំ២០២៦នេះ ត្រីរាជខ្នាតធំចំនួន២ក្បាលត្រូវបានចាប់ដោយចៃដន្យ ហើយធ្វើការប្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ ដែលការប្រលែងកាលពីថ្ងៃទី៣មករា២០២៦ មានទំងន់៦៣ គីឡូក្រាមនិងប្រវែង១ម៉ែត្រ៨៦ ហើយការប្រលែងកាលពីថ្ងៃទី១១មករា២០២៦នៅស្រុកកងមាស មាននទំងន់៥២គីឡូក្រាម និងប្រវែង១ម៉ែត្រ៦៨។

ហើយបើរម្លឹកកាលពីអំឡុងឆ្នាំ២០២៥ កន្លងមកនេះទៀត យ៉ាងហោចណាស់មានការចាប់បាន ត្រីរាជប្រភេទធំៗដោយចៃដន្យ និងបានដោះលែងទៅវិញចំនួន៥ក្បាល។
ដូចជាកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល បានសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងត្រីរាជមួយក្បាល ទម្ងន់៣០គីឡូក្រាម និងប្រវែង១ម៉ែត្រ៣៣ ចូលទៅបឹងធម្មជាតិវិញដោយភ្ជាប់ស្លាកសញ្ញាសម្គាល់ផងដែរ បន្ទាប់ពី ត្រូវគេចាប់បាននៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ត្រីរាជ ១ក្បាលមានទម្ងន់ប្រមាណជាង១០០ គីឡូក្រាម ត្រូវបានប្រជានេសាទដែលរស់នៅខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃ មកជយន្តោ លែងចូលដែនអភិរក្ស ក្នុង បឹងទន្លេសាប នៅចំណុចព្រំប្រទល់ ខេត្តកំពង់ឆ្នាំងនិង កំពង់ធំវិញ។
កាលពីថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលជលផល ខេត្តពោធិ៍សាត់បានលែងត្រីរាជមួយ ក្បាលទម្ងន់២៦គីឡូក្រាម និងមានប្រវែង១,៥០ម៉ែត្រ ទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ នៃបឹងទន្លេសាបវិញ។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានប្រលែងត្រីរាជ១ក្បាលដែលមានទម្ងន់ ៩៥ គីឡូក្រាម និងប្រវែង ២ ម៉ែត្រ១៦ចូលទៅក្នុង បឹង ទន្លេសាបវិញ និងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជរាជ ភេទញី
១ក្បាលមានប្រវែង ២ម៉ែត្រ១៥និងមានទម្ងន់សរុប ៩៧គីឡូក្រាមចូលក្នុងទន្លេមេគង្គ វិញបន្ទាប់ពីបានពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០។
សូមបញ្ជាក់ថា ត្រីរាជ ស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ (Pangasiidae) មានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas។ ត្រីប្រភេទអត់ស្រកានេះ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងទម្ងន់ប្រមាណ ៣០០គីឡូក្រាម។
ត្រីរាជ ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ត្រីរាជ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




