ព័ត៌មានជាតិ January 15, 2026

ក្រុមហ៊ុនខ្នាតយក្សចិនមួយសម្លឹងឃើញឱកាសវិនិយោគការពង្រីកសេវាកម្មវិស្វកម្មគីមីបម្រើឱ្យវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជា

Liny Chan

ក្រុមហ៊ុនខ្នាតយក្សមួយនៃប្រទេសចិនបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យពង្រីកសេវាកម្មវិស្វកម្មគីមី សម្រាប់​បម្រើឱ្យ វិស័យកសិកម្មនិងឧស្សាហកម្មនៅកម្ពុជា។នេះបើតាមការបញ្ជាក់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

លើបណ្ដាញសង្គមផ្លូវការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានឱ្យដឹងថា រសៀលថ្ងៃពុធទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្រ​របស់​សហគ្រាសរដ្ឋ ខ្នាតធំចិន China National Chemical Engineering Group Corporation (CNCEC)ចូលជួបសម្ដែងការ​គួរសមនិងពិភាក្សា ការងារលើកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

តាមរយៈជំនួបនេះ លោក Zhou Hong បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីសាវតានិងសក្តានុពល​ដ៏រឹងមាំរបស់​ក្រុមហ៊ុន CNCEC-FCC ដែលជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម​គីមី​ឥន្ធនៈ (Petrochemical) កម្រិតខ្ពស់នៅលើសកលលោក។ លោកប្រធាន Zhou បានបញ្ជាក់ពីបំណងក្នុងការ​សម្លឹង​មើលកម្ពុជា ជាមូលដ្ឋាន សម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនា សម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្ម​ផលិតជីសម្រាប់ បម្រើ ឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមាន​ភាពទំនើប ស្របតាមស្តង់ដារ កម្រិតអន្តរជាតិ។

ការឆ្លើយតបចំពោះគោលបំណងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់​អារម្មណ៍​វិនិយោគ របស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្ម​កែច្នៃ​នៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា វិស័យវិស្វកម្មគីមី សាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការបង្កើនតម្លៃ​បន្ថែម​ដល់សេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់​អាទិភាព​លើការ ធ្វើទំនើបកម្មឧស្សាហកម្ម៕ ប្រភព៖ ក្រសួងព័ត៌មាន