កម្ពុជា សម្រេចលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)
កម្ពុជាសម្រេចលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមការបង្ហោះនៅលើឆាណែលតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ ពីសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PCR) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬ ប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន (PCR) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជា បានចំនួន ១៤ថ្ងៃ ក្នុងអំឡុងខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់ប្រាក់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card។
លើសពីនេះ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕
ប្រភព៖ ឆាណែលតេឡេក្រាមឯកសារមន្រ្តីសាធារណៈ

