ព័ត៌មានជាតិ January 18, 2026

កម្ពុជាប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ

Nisaiy KP

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីបញ្ជាក់ពីការតវ៉ារបស់កម្ពុជាប្រឆាំងនឹងសកម្មភាពរបស់កម្លាំងប្រដាប់អាវុធថៃ ដោយបានបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានអាននូវសេចក្តីតវ៉ាទាំងស្រុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសេចក្តីដូចតទៅនេះ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់

កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជារឿងមានសារៈសំខាន់ដែលត្រូវគូសបញ្ជាក់ថា សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមក ដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍ គាំពារ និងស្តារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយ។

នៅក្នុងបរិបទនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន