កម្ពុជា-ឥណ្ឌូនេស៊ី ព្រមព្រៀងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូនេស៊ី ដែលជានិច្ចកាលតែងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត បាន គូសបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ជាពិសេសលើកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនពីជំហរ និងវិធានការ យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនីតិវិធីលើមេក្លោង ក៏ដូចជាការបង្រ្កាប និងបោសសម្អាត បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងយកចិត្តទុកដាក់ផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះ និងសម្របសម្រួលនីតិវិធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅប្រទេសកំណើតវិញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាក្នុងការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បាន គូសបញ្ជាក់ជាថ្មីថា ទោះបីជាបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ក្តី ក៏ប៉ុន្តែស្ថានទូតឥណ្ឌូនេស៊ី បន្តតាំងចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សំដៅធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការ ជាពិសេសការសម្របសម្រួលនីតិវីធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅមាតុប្រទេសវិញឱ្យបានឆាប់រហ័ស៕ ប្រភព៖ ក្រសួងព័ត៌មាន



