ព័ត៌មានជាតិ January 20, 2026

រោងចក្រកែច្នៃប្លាស្ទិក PET ក្នុងទុនដែលបានគ្រោងទុកចំនួន ២៩ លានដុល្លាររបស់ក្រុមហ៊ុនហុងកុង A1​ បើកការសាងសង់នៅខេត្តពោធិ៍សាត់

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដ្ឋាន រោងចក្រកែច្នៃប្លាស្ទិក PET ​របស់ក្រុមហ៊ុនហុងកុង A1​ ត្រូវបានដាក់សម្ពោធបើកការសាងសង់ហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ ​នៅ​ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទុនគ្រោង ២៩ លានដុល្លារ។

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិត​ខំទ្វេដង​ក្នុងការបង្កើតការងារបៃតង​ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋាន​ចំណូល​របស់​ជាតិ។ ​

ឯកឧត្តមមានប្រ​សាសន៍​ថា ​កំណើននៃ​ការអនុម័ត​គម្រោង​វិនិយោគ​ ឆ្លុះបញ្ចាំង​ឱ្យឃើញពីភាពវិជ្ជមាន​នៃបរិយាកាសធុរកិច្ច​ និងវិនិយោគនៅកម្ពុជា ​និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ​ព្រមទាំងការកែទម្រង់​វិនិយោគ​មួយ​ចំនួន។​

​យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ៦៣០ គម្រោងកើន ៥២% ក្នុងទំហំទឹកប្រាក់ ១០ ប៊ីលានដុល្លារ កើន ​៤៥% និង​អាច​បង្កើត​ការ​ងារបាន ៤៣៨ ពាន់កន្លែងនៅក្នុងឆ្នាំ ២០២៥៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ ​ទទក