ព័ត៌មានជាតិ January 20, 2026

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា ការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI បន្ថែមគឺដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ក្រៅប្រទេស

Liny Chan

ទីស្តីការក្រសួងទេសចរណ៍ ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបាននូវលទ្ធផលការងារគួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នានៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សូមបញ្ជាក់ជូនថានាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស គឺជាអង្គភាពទី៧ ដែលឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ៕ ប្រភព៖ ក្រសួងព័ត៌មាន