ព័ត៌មានជាតិ January 21, 2026

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ និងសុវត្ថិភាពសង្គម

Liny Chan

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ បានធ្វើឡើងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង, អភិបាលរង រាជធានី-ខេត្ត, ស្នងការរងនគរបាលរាជធានី-ខេត្ត ទទួលផែនការងារអត្តសញ្ញាណកម្ម, ថ្នាក់ដឹកនាំ និងមន្ដ្រីនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋាន ធ្លាប់ជួបប្រទះបញ្ហាប្រឈមមួយចំនួនលើការក្លែងបន្លំ ឬភាពជាន់គ្នានៃឯកសារអត្តសញ្ញាណបុគ្គល រួមមាន ៖ ទី១-មានករណីបញ្ហាបុគ្គលម្នាក់មានអត្តសញ្ញាណច្រើនផ្សេងៗគ្នា និងទី ២-មានករណីបុគ្គលច្រើននាក់ ប្រើប្រាស់អត្តសញ្ញាណតែមួយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានគូសបញ្ជាក់ថា «ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើនមានអត្តសញ្ញាណច្រើន វានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ នេះសំដៅលើការទទួលខុសត្រូវចំពោះមុខច្បាប់ ការពារការក្លែងបន្លំ ការទទួលបាននូវសិទ្ធបុគ្គលជាមូលដ្ឋាន ការមិនរើសអើង និងសមភាពក្នុងសង្គម»។

ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយក ក៏បានឱ្យដឹងទៀតថា សព្វថ្ងៃការផ្ដល់សេវាអត្តសញ្ញាណកម្មទទួលបានការសាទរជាច្រើនពីប្រជាពលរដ្ឋ។ ប៉ុន្តែនៅមានចំណុចប្រឈមមួយចំនួន ដែលត្រូវខិតខំកែលម្អឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម អគ្គនាយក បន្ដថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋ បាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការ ទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ ក្រសួងមហាផ្តៃ