ការអនុវត្តសាកល្បងសិក្សាជាភាសាចារ៉ាយ ត្រូវបានធ្វើឡើងនៅសាលារៀនបឋម សិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦តទៅ។

ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់ អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋម សិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
ប្រភពដដែល បានបន្តថា ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជា ដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការបែរកម្ពុជា (CARE) អង្គការNTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើ ការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
តាមក្រសួងអប់រំ បានឲ្យដឹងថា កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។
ជាមួយគ្នានោះដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការ និងក្របខណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល, ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨, កម្មវិធីសិក្សា, សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់ នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ក្រសួងបាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារ។



ប្រភព៖ ក្រសួងព័ត៌មាន
