ព័ត៌មានជាតិ January 23, 2026

ក្រុមអ្នកវិនិយោគផ្នែកវិស័យកសិកម្ម មកពីប្រទេសម៉ាឡេស៊ី កំពុងចាប់អារម្មណ៍គ្រោងដាក់ទុនវិនិយោគវិស័យកសិកម្ម នៅខេត្តតាកែវ

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាត ទទួលជួបសំណេះសំណាលជាមួយ ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីផ្នែកកសិកម្ម កំពុងចាប់អារម្មណ៍ដាក់ទុនវិយោគ លើវិស័យកសិកម្មនៅខេត្តតាកែវ មានដំណាំហូបផ្លែជាច្រើនមុខដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប និងដៃគូរសហការជាច្រើន នៅលើសកលលោក ។

ក្នុងជំនួបសំណេះសំនាល ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវ ជាខេត្តផលិតស្រូវធំជាងគេលំដាប់លេខ ៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង ផ្ទៃដីកសិកម្មសរុបចំនួន ២៦៤,០០០ហិកតា ក្នុងនោះមាន៖ ផ្ទៃដីសម្រាប់ ធ្វើស្រែវស្សាចំនួន ១៨០,០០០ហិកតា ផ្ទៃដីសម្រាប់ធ្វើស្រែប្រាំងចំនួន៨០,០០០ហិកតា និង ផ្ទៃដីសម្រាប់ដាំដំណាំផ្សេងៗចំនួន ៤,០០០ហិកតា៖ ផ្ទៃដីស្រូវរដូវវស្សាមានលទ្ធភាពអាចដាំដុះបានចំនួន ២២៤.៤៦៤ហិកតា ក្នុងនោះផ្ទៃដីអាចធ្វើ ការដាំដុះបាន២ដងមានចំនួន៧៣ ១៣៦ហិកតា ទិន្នផលមធ្យម ៣,៤៤៩តោន/ហិកតា។

ផ្ទៃដីស្រូវរដូវប្រាំង មានលទ្ធភាពអាចដាំដុះបានចំនួន ១១៣ ៤៣០ហិកតា (ផ្ទៃដីខ្លះអាចធ្វើការ ដាំដុះបាន២ដង) ទិន្នផលមធ្យម ៥,២១១តោន/ហិកតា។ ចំពោះការភ្ជួររាស់ និងច្រូតកាត់ស្រូវទាំងពីររដូវ គឺប្រើ ប្រាស់គ្រឿងយន្ត១០០ភាគរយ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា នៅខេត្តតាកែវ ក៏មានការចិញ្ចឹមសត្វ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោ៖ ១១កន្លែង (គោទឹកដោះ១កន្លែង) កសិដ្ឋានចិញ្ចឹមជ្រូក ៖ ៥៨ កន្លែង កសិដ្ឋានចិញ្ចឹមបក្សី ៖ ៣៥ កន្លែង, ឡភ្ញាស់ពងទា ៖ ៧៤ឡ (ស្រែរនោង២៤ឡ) ។ ខេត្តតាកែវ ក៏មានផលិតផលកសិកម្មល្បីឈ្មោះចំនួន ០២ គឺ បង្កងទឹកសាប និងពងទាកូន ក្នុងនោះ បង្កងទឹកសាប ត្រូវបានចុះបញ្ជីម៉ាសសម្គាល់ភូមិសាស្ត្រទំនិញ ដោយក្រសួងពាណិជ្ជកម្ម ការប្រមូលទិន្នផលបង្កងក្នុង ១ឆ្នាំ បានចំនួន ៧៥ តោន គិតជាតម្លៃនៃចំណូលសេដ្ឋកិច្ចស្មើ នឹង ២.៦០០.០០០ដុល្លារអាមេរិក។

ដោយឡែកពងទាកូនខេត្តតាកែវ មានឲ្យភ្ញាស់ពងទាកូនចំនួន ៧៦ឡ នាំចេញសរុបក្នុង ១ថ្ងៃចំនួន ១៥៤,០០០គ្រាប់ និងមួយឆ្នាំសរុប ៥៦,២១០,០០០គ្រាប់ ស្មើនឹង ៩,៨៣៦,៧៥០ ដុល្លារអាមេរិក។

ឆ្លើយតបនឹងការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត តំណាងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី បានសម្ដែងការសប្បាយរីករាយ នូវសមិទ្ធផលនានាដែលកំពុងមានសក្ដានុពលនៅខេត្តតាកែវ ដែលកើតឡើងពីការដាំដុះចិញ្ចឹម របស់បងប្អូនប្រជាពកសិករ ហើយ យើងខ្ញុំនឹងដឹកនាំក្រុមការងារជំនាញរបស់ ក្រុមហ៊ុនចុះមកពិនិត្យផ្ទាល់ ដើម្បីត្រៀមរៀបចំ បណ្ដាក់ទុននៅភូមិសាស្រ្តខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ