ព័ត៌មានជាតិ January 23, 2026

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងក្នុងក្រុងបាត់ដំបង

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ៤០៩ ក្រាលកម្រាលបេតុងសរសៃដែក ប្រវែង៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីសាងសង់ប្រព័ន្ធលូក្រោមដីនៅពីក្រោមផ្លូវ៤០៩រួចមក ពិតជាបានជួយរំដោះទឹកភ្លៀងពីក្នុងក្រុងបាត់ដំបងលែងបង្កឱ្យមានការលិចលង់ទៀតហើយ។

ឯកឧត្តមអភិបាលខេត្ត ពន្យល់ប្រាប់ប្រជាពលរដ្ឋថា សម្រាប់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងមានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយនិងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។

ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ។

ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយនិងរៀបចំដាក់សឡាបំភ្លឺផ្លូវសាធារណៈដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង