ព័ត៌មានជាតិ January 23, 2026

នាវាទេសចរណ៍បរទេស Westerdam ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២០០០នាក់ ចូលទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស Westerdam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត២០០០នាក់ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ចូលចតធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវា Westerdam មានសញ្ជាតិ Netherland មានបណ្តោយ២៨៥.២២ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ និងជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១ ៩២៧នាក់ ស្រី១ ០៤០នាក់ ស្មើនឹង៤០សញ្ជាតិ និងមាននាវិកសរុបចំនួន៨២២នាក់ ស្រី១៦៣នាក់ ស្មើនឹង៤០សញ្ជាតិ។

នាវាទេសចរណ៍ Westerdam បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ការធ្វើដំណើតាមនាវាទេសចរណ៍ Westerdam ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៩១៧នាក់ Canada ៣១៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Westerdan ចូលប្រទេសកម្ពុជា ចេញទៅទស្សនកិច្ចនៅខេត្តសៀមរាបមានចំនួន ៦៧នាក់ ស្រី៣៩នាក់ ស្មើនឹង៣សញ្ជាតិ។ ក្នុងដំណើរមកដល់របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តព្រះសីហនុប្រកបដោយភាពកក់ក្តៅ។

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានធ្វើដំណើទស្សនានៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង សង្កាត់រាម ក្រុងកំពង់សោម៕ ប្រភព៖ ក្រសួងព័ត៌មាន