ក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី។

ក្រសួងរ៉ែ និងថាមពល សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា ក្រសួងរ៉ែនិងថាមពលនឹងផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មីជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ក្នុងការអនុញ្ញាតឱ្យបង្កើតស្ថានីយថ្មីផងដែរ។
ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងរ៉ែ និងថាមពល
