ព័ត៌មានជាតិ January 25, 2026

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយគ្នា

Nisaiy KP

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ បានឱ្យដឹងថា ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នា​ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតកម្មកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើ​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដើមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។

កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា​ ដោយសមភាគីទាំងពីរ​ កម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕ 

ប្រភព៖ ក្រសួងព័ត៌មាន