កម្ពុជាសម្រេចឈានទៅបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនកសិផលទៅទីផ្សារចិន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ កសិផលកម្ពុជាទាំងអស់អាចដឹកជញ្ជូនតាមផ្លូវគោកទៅទីផ្សារ ចិនដោយឆ្លងកាត់ទឹកដីឡាវ។

ការបញ្ជាក់នេះបានធ្វើឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៥មករា២០២៦ម្សិលមិញនេះ។
យន្តការថ្មីនេះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញ កសិផលកម្ពុជាទៅកាន់ ទីផ្សារប្រទេសចិន តាមរយៈការកាត់បន្ថយ ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា បន្ថយចំណាយ ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្មនៃកសិផលមួយចំនួន ដូចជាអង្ករ ដំឡូងមី ផ្លែឈើ បន្លែ និងកសិផលកែច្នៃដទៃទៀត។
ការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនទំនិញទៅប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវនេះ គឺដើម្បីជំនួសមធ្យោបាយដឹកជញ្ជូនដែលកម្ពុជា បានអនុវត្តពីមុនមកដើម្បី ដឹកជញ្ជូនទំនិញពីកម្ពុជាទៅចិន តាម ៣ មធ្យោបាយសំខាន់ៗគឺ តាមផ្លូវសមុទ្រ ច្រកកំពង់ផែព្រះសីហនុទៅចិន តាមផ្លូវគោកដោយឆ្លងកាត់វៀតណាម ឬថៃ និងផ្លូវអាកាស។
ការដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែភាគខាងត្បូងប្រទេសចិន ជាទូទៅចំណាយពេលចន្លោះពី ៧ ទៅ ១២ថ្ងៃ ហើយបើទៅកំពង់ផែភាគខាងជើងប្រទេសចិន ជាទូទៅចំណាយពេលចន្លោះពី១៤ ទៅ ២០ថ្ងៃ។
សូមបញ្ជាក់ថា កម្ពុជា-ចិន គ្រោងធ្វើការងាររួមគ្នាក្នុងការបង្កើតឱកាសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក ដែលបានលើកឡើងនៅក្នុងឱកាសប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ។
សូមរម្លឹកថា ក្នុងដំណើរទេស្សនកិច្ចផ្លូវការរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅប្រទេសឡាវ កាលពីដើមខែឧសភា ឆ្នាំ២០២៥ ភាគីកម្ពុជា-ឡាវ បានជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទៅកាន់ទីផ្សារប្រទេសចិន ឬប្រទេសទី តាមរយៈការប្រើប្រាស់រថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងថា កម្ពុជាបាននាំចេញអង្ករចំនួន ២៣១,១២៥តោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៥ កើនឡើងយ៉ាងខ្លាំង ៩៦ភាគរយ ដោយរកបាន ១៣៨,៣៦លានដុល្លារ កើនឡើង ៨៣ភាគរយ៕ ប្រភព៖ ក្រសួងព័ត៌មាន

